អ្នកនាំចេញអង្ករកម្ពុជា ចូលរួមក្នុងពិធី THAIFEX WoFA 2013:
ការបង្ហាញដ៏ជោគជ័យមួយទៀតនៃអង្ករកម្ពុជា នៅក្នុងពិធីអន្ដរជាតិមួយដ៏ធំ
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ - ក្រុមហ៊ុននាំចេញអង្កររបស់កម្ពុជា ចំនួន១៧ បានធ្វើជាតំណាងដល់ឧស្សាហកម្មនាំចេញអង្ករនៅក្នុងព្រះរាជាណាចក្រនេះ នៅ ក្នុងពិធីតាំងពិព័រណ៍ពាណិជ្ជកម្មអាហារអាស៊ីក្នុងទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២២ ដល់២៤ឧសភាឆ្នាំ២០១៣នេះ។ កម្មវិធី THAIFEX – World of Food Asia ត្រូវបានរៀបចំដោយ Koelnmesse ប្រព្រឹត្ដធ្វើឡើងនៅ Department of International Trade Promotion ប្រទេសថៃ។ ក្រុមហ៊ុនខ្លះក្នុងចំណោមក្រុមហ៊ុនខាងលើ ក៏បានទៅចូលរួមក្នុងកម្មវិធី Thailand Rice Convention ក្នុងខេត្ដឆៀងម៉ៃផងដែរ ដែលជាកម្មវិធីត្រូវបានអញ្ជើញឲ្យចួលរួមជាមួយ នឹងឈ្មួញ៥០០មកពីទូទាំងពិភពលោក។
THAIFEX – World of Food Asia គឺជាវេទិកាពាណិជ្ជកម្មអន្ដរជាតិដែលប្រមូលផ្ដុំអ្នកផ្គត់ផ្គង់ ផលិតផល និងសេវាកម្មអាហារជាច្រើនប្រភេទ ក៏ដូចជាបច្ចេកវិជ្ជានិងការបង្កើតអាហារថ្មីៗ ផងដែរ។ កម្មវិធី World of Food Asia 2013 បាននាំមកនូវផលិតផលពីអ្នកដាក់តាំងពិព័រណ៍ ជាង១,៣០០ មកពី៣៦ប្រទេសនិងតំបន់។ ស្ដង់តាំងពិព័រណ៍របស់ប្រទេសកម្ពុជា បានទទួល ការស្វាគមន៍យ៉ាងកក់ក្ដៅនៅឆ្នាំ២០១២ និងត្រឡប់ទៅសាជាថ្មីជាមួយនឹងភាពខ្លាំងក្លានៅក្នុង ឆ្នាំនេះ។
លោក ដេវីដ សុខ មកពី Golden Rice Cambodia និងជាអគ្គលេខាធិការនៃសហព័ន្ធនាំចេញ អង្ករកម្ពុជាបានឲ្យដឹងថាៈ “យើងមានអារម្មណ៍សប្បាយរីករាយណាស់។ យើងបានបង្កើន ទំហំស្ដង់តាំងពិព័រណ៍របស់យើងដល់ទៅបីដង បើប្រៀបនឹងឆ្នាំ២០១២។ សម្ភារៈនិងការរចនា ម៉ូតស្ដង់របស់យើង គឺគួរឲ្យចាប់អារម្មណ៍និងបានទាក់ទាញអ្នកទស្សនាជាច្រើន”។ លោកបាន បន្ដទៀតថា “យើងបានទៅទីនោះជាមួយនឹងក្រុមហ៊ុននាំចេញអង្ករចំនួន១៧ ដែលតំណាងឲ្យ ស្ទើរ៧០%នៃការនាំចេញអង្ករប្រចាំឆ្នាំ២០១២។ យើងមានមោទនភាពណាស់ដែលបានទៅ ទីនោះ បង្ហាញពីអង្ករមានគុណភាពខ្ពស់ និងភាពប្រកួតប្រជែងរបស់យើង ជាមួយនឹង ពានរង្វាន់អង្ករល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០១២ ដែលយើងបានឈ្នះ នៅក្នុងកម្មវិធី TRT World Rice Conference 2012 នៅបាលី ប្រទេសឥណ្ឌូនេស៊ី”។
លោកបានបន្ថែមទៀតថាៈ “យើងសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ International Finance Corporation (IFC) និងអ្នកឧបត្ថម្ភទាំងអស់រួមទាំងសហភាពអឺរ៉ុប និង Enhanced Integrated Framework (EIF) មកពីអង្គការពាណិជ្ជកម្មពិភពលោកផងដែរ ដែលបានផ្ដល់នូវ ជំនួយផ្នែកបច្ចេកទេសដល់ក្រុមហ៊ុននាំចេញអង្ករទាំង១៧ និងបានជួយសម្រួលដល់ការចូល រួមក្នុងកម្មវិធីនេះ”។
លោក ម៉ៅ គង់ មកពី Loran Group បានឲ្យដឹងថាៈ “យើងបានជួបជាមួយអ្នកទិញជាច្រើន។ ខ្លះជាភ្ញៀវថ្មី និងខ្លះទៀតជាភ្ញៀវចាស់របស់យើង។ កម្មវិធីនេះបានផ្ដល់ឲ្យយើងនូវឱកាសមួយ ដើម្បីពង្រឹងទំនាក់ទំនងរវាងអ្នកលក់និងអ្នកទិញ។ ពួកគេមានទំនុកច្រើនជាងមុនមកលើយើង ហើយបន្ដទិញអង្ករកាន់តែច្រើនពីយើង”។ អ្នកនាង គីម ស្រីរ័ត្ន មកពី Khmer Foods Group ដែលជាក្រុមហ៊ុនឈានមុនគេមួយទៀតក្នុងការនាំចេញអង្ករពីប្រទេសកម្ពុជា បានឲ្យដឹងថាៈ “កម្មវិធីនេះគឺពិតជាមានសារៈប្រយោជន៍ណាស់។ ខ្ញុំអាចជួបផ្ទាល់ជាមួយអ្នកទិញ និងពិភាក្សា អំពីពាណិជ្ជកម្មបានកាន់តែប្រសើរជាងការទំនាក់ទំនងពីចម្ងាយ។ ខ្ញុំបានទទួលមតិឆ្លើយតប ផ្ទាល់ខ្លួនរបស់ពួកគេ និងអាចពង្រឹងទំនាក់ទំនងអាជីវកម្មរបស់យើងកាន់តែប្រសើរឡើងមួយ កម្រិតទៀត”។
លោក កាន់ គន្ធី មកពីក្រុមហ៊ុន Battambang Rice Investment Co., Ltd ជាក្រុមហ៊ុនទើបបង្កើត ថ្មី ក៏បានផ្ដល់នូវតម្លៃដល់កម្មវិធីនេះប្រហាក់ប្រហែលនឹងក្រុមហ៊ុនដទៃដែរ។ “ខ្ញុំបាននិយាយ ទៅកាន់អ្នកមកទស្សនានិងអ្នកទិញជាច្រើន ដែលចាប់អារម្មណ៍នឹងអង្ករខ្មែររបស់យើង។ ភាគ ច្រើនបានបង្ហាញពីសក្ដានុពលច្រើន ហើយយើងសន្យាថានឹងតាមដាននិងស្វែងរកនូវឱកាស បន្ថែមសម្រាប់អាជីវកម្មរបស់យើង”។
នេះគឺជាលើកទីពីរហើយសម្រាប់ប្រទេសកម្ពុជា និងអ្នកនាំចេញអង្ករកម្ពុជា ក្នុងការបង្ហាញ ខ្លួននៅក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្ម World of Food Asia exhibition។ បន្ទាប់ពីជោគជ័យនៅ ឆ្នាំមុន ការចូលរួមជាលើកទីពីរនេះ បានផ្ដល់ឲ្យប្រទេសកម្ពុជានូវឱកាសដ៏វិសេសវិសាល ក្នុង ការបង្កើតនិងពង្រឹងនូវរូបភាពនៃផលិតផលអង្ករ ការរីកលូតលាស់នៅក្នុងទីផ្សារអន្ដរជាតិ និងការបង្កើតទំនាក់ទំនងជាមួយនឹងអ្នកទិញជាច្រើនមកពីជុំវិញពិភពលោក។
បន្ទាប់ពីការចូលរួមកម្មវិធី THAIFEX តំណាងនៃសហព័ន្ធនាំចេញអង្ករកម្ពុជា ក៏បានចូលរួម ក្នុងកម្មវិធី Thailand Rice Convention ក្នុងខេត្ដឆៀងម៉ៃផងដែរ ជាមួយនឹងគណៈប្រតិភូ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយឯកឧត្ដមបណ្ឌិត Kan Channmeta អនុរដ្ឋលេខាធិការនៃ ក្រសួងពាណិជ្ជកម្ម។ ឯកឧត្ដមបណ្ឌិត បានចូលរួមក្នុងកិច្ចពិភាក្សា និងបានពន្យល់ពី គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រកម្មវិធីនេះផងដែរ។ លោក ដេវីដ សុខ បានឲ្យដឹងថាៈ “ការចូលរួមក្នុងកម្មវិធី Thailand Rice Convetion បានអនុញ្ញាតឲ្យយើង បានជួបជាមួយនឹងអ្នកទិញជាច្រើន ដែលត្រូវបានអញ្ជើញឲ្យចូលរួមដោយរដ្ឋាភិបាលថៃ ហើយមានបរិយាកាសល្អណាស់សម្រាប់ការពិភាក្សាបង្កើនទំនាក់ទំនង។ នេះជាឱកាសមួយ ដ៏ល្អបំផុត ដើម្បីកម្ពុជាក្លាយជាប្រភពមួយទៀតនៃអង្ករមានគុណភាពខ្ពស់។ យើងមាន ឱកាសជួបជាមួយអ្នកទិញល្អៗមួយចំនួន ដូចជាមកពីប្រទេសចិន និងអាហ្រិក ដែលជា ទីផ្សារល្អសម្រាប់កម្ពុជា”។ “យើងក៏មានឱកាសបានជួបនិងពង្រឹងទំនាក់ទំនងជាមួយអ្នកស្រី Korbsook Iamsuri ផងដែរ ដែលអ្នកស្រីជាប្រធានសមាគមនាំចេញអង្ករថៃ”។
វត្ដមានជាប់លាប់នៅក្នុងពិធីតាំងពិព័រណ៍អន្ដរជាតិនឹងជួយឲ្យព្រះរាជាណាចក្រនេះ បង្កើនការ នាំចេញអង្ករដោយការផ្សព្វផ្សាយពីអង្ករកម្ពុជានៅលើទីផ្សារអន្ដរជាតិ ជម្រុញឲ្យអ្នកទិញលក់ អន្ដរជាតិ ទិញអង្ករកាន់តែច្រើនពីប្រទេសកម្ពុជា និងបានជួយសម្រេចគោលដៅរបស់ រដ្ឋាភិបាលកម្ពុជាក្នុងការនាំចេញអង្ករ១លានតោនក្នុងឆ្នាំ២០១៥ផងដែរ។
សម្រាប់ព័ត៌មានបន្ថែមអំពី THAIFEX – World of Food Asia សូមចូលទៅកាន់គេហទំព័រៈ www.worldoffoodasia.com.
សម្រាប់ព័ត៌មានបន្ថែមអំពី Thai Rice Convention សូមចូលទៅកាន់គេហទំព័រៈ http://thailandriceconvention.com/
សម្រាប់ព័ត៌មានបន្ថែមអំពី Federation of Cambodian Rice Exporters សូមចូលទៅកាន់គេហទំព័រៈ www.fedocrex.com
ទំនាក់ទំនងព័ត៌មានៈ លោក ដេវីដ សុខ សហព័ន្ធនាំចេញអង្ករកម្ពុជា
ទូរស័ព្ទលេខៈ +855 12 770 350
សារអេឡិចត្រូនិចៈ david.sok@fedocrex.com