Deprecated: mysql_connect(): The mysql extension is deprecated and will be removed in the future: use mysqli or PDO instead in /home2/crforgkh/public_html/CambodianRiceFestival/libraryfiles/class_database.php on line 35
​អង្ករ​ផ្កាម្លិះកម្ពុជា​ឈ្នះ​ពានរង្វាន់​ “​អង្ករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ ២០១២”​ នៅ​ក្នុង​ពិធី​ TRT​ World​ Rice​ Conference​ 2012 | ពិធីបុណ្យអង្ករកម្ពុជា
 
ពានរង្វាន់
Cambodian Jasmine Rice Wins the 'World’s Best Rice' Award at the TRT World Rice Conference two years in the row; 2012 in Indonesia and in Hong Kong 2013
​អង្ករ​ផ្កាម្លិះកម្ពុជា​ឈ្នះ​ពានរង្វាន់​ “​អង្ករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ ២០១២”​ នៅ​ក្នុង​ពិធី​ TRT​ World​ Rice​ Conference​ 2012

​អង្ករ​កម្ពុជា​ឈ្នះ​ពានរង្វាន់​ “​អង្ករ​ល្អ​ជាងគេ​នៅ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១២”​ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

ភ្នំពេញ​ ប្រទេស​កម្ពុជា​ ថ្ងៃ​ទី​១​ ខែតុលា​ ឆ្នាំ​២០១២​ -​ អង្ករ​ផ្កាម្លិះ​គុណភាព​ខ្ពស់​របស់​កម្ពុជា​ បាន​ឈ្នះ​ពានរង្វាន់​ “​អង្ករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​”​ នៅ​ក្នុង​ការ​ប្រកួត​រសជាតិ​អង្ករ​អន្ដរជាតិ​ នៅ​ពិធី​សន្និបាត​អង្ករ​ពិភពលោក​ World​ Rice​ Conference​ (WRC)​ រៀបចំ​ដោយ​ The​ Rice​ Trader​ (TRT)​ នៅ​បាលី​ ឥណ្ឌូ​នេ​ស៊ី​ ចាប់ពី​ថ្ងៃ​ទី​២៦​ ដល់​២៨​ខែកញ្ញា​ឆ្នាំ​២០១២​។​ 

សន្និបាត​អង្ករ​ពិភពលោក​របស់​ TRT​ នេះ​ គឺជា​ការ​ប្រមូលផ្ដុំ​ប្រចាំឆ្នាំ​នូវ​អ្នក​អាជីព​ក្នុង​ឧស្សាហកម្ម​អង្ករ​ ជាមួយ​របៀបវារៈ​ដែល​មាន​គោលបំណង​ចង់​កំណត់​ទិស​ដៅ​នា​ពេល​អនាគត​សម្រាប់​ទីផ្សារ​អង្ករ​ និង​និន្នាការ​នៃ​តម្លៃ​ផង​ដែរ​។​ TRT​ WRC​ 2012​ គឺជា​ការ​ប្រមូលផ្ដុំ​ធំ​ជាងគេ​នៃ​អ្នកជំនាញ​លើ​អង្ករ​ប្រចាំ​តំបន់​ ដែល​បាន​ទាក់ទាញ​ប្រតិភូ​៤០០​មក​ពី​ទូ​ទាំង​ពិភពលោក​ ព្រមទាំង​វាគ្មិន​ជា​ច្រើន​រូប​ផង​ដែរ​។​ ប្រតិភូ​តំណាង​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ចំនួន​១២​ ក៏​បាន​ចូលរួម​ក្នុង​សន្និបាត​នេះ​ផង​ដែរ​។​ 

លោក​ ដេ​វី​ដ​ សុខ​ មក​ពី​ក្រុមហ៊ុន​ Golden​ Rice​ Cambodia​ ដែល​ជា​ក្រុមហ៊ុន​កិន​និង​នាំ​ចេញ​ស្រូវ​មួយ​ដែល​ឈានមុខ​គេ​នោះ​ បាន​ឲ្យ​ដឹង​ថាៈ​ “​ប្រទេស​ដែល​ឈានមុខ​គេ​ក្នុង​ការ​ផលិត​ស្រូវ​មួយ​ចំនួន​បាន​ចូលរួម​ ក្នុង​ការ​ប្រកួត​រសជាតិ​អង្ករ​អន្ដរជាតិ​នេះ​។​ ក្រុម​អ្នកជំនាញ​ និង​ចុងភៅ​លំដាប់​ផ្កាយ​៥​ប្រចាំ​នៅ​បាលី​ជា​ច្រើន​រូប​ បាន​ធ្វើការ​ភ្លក់​ហើយ​ជ្រើសរើស​អង្ករ​កម្ពុជា​ ជា​អង្ករ​ល្អ​បំផុត​”​។​ “​ផ្អែក​លើ​ការ​ពិភាក្សា​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​បាលី​ រវាង​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​នោះ​ យើង​បាន​សម្រេច​យក​គំរូ​អង្ករ​កម្ពុជា​បី​ប្រភេទ​ ដើម្បី​ចូលរួម​ប្រកួត​ TRT​ competition​ គឺ​អង្ករ​ក្រអូប​ពីរ​ប្រភេទ​ (premier​ fragrant​ rice)​ និង​អង្ក​រស​មួយ​ប្រភេទ​ (premier​ white​ rice)​។​ គំរូ​អង្ករ​ដែល​បាន​ទទួល​រង្វាន់​នោះ​ គឺ​នៅ​ក្នុង​ចំណោម​អង្ករ​ក្រអូប​ពីរ​ប្រភេទ​នោះ​ គឺ​អង្ករ​ផ្កាម្លិះ​ លំដាប់​ A​ ១០០%​ មិន​បែក​”​។​ 

លោក​បាន​បន្ថែម​ទៀត​ថាៈ​ “​យើង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ International​ Finance​ Corporation​ (IFC)​ ដែល​បាន​ផ្ដល់​ជា​ដំបូន្មាន​ផ្នែក​បច្ចេកទេស​ ដល់​ក្រុមហ៊ុននាំចេញ​ទាំង​១២​ និង​បាន​ជួយ​សម្រួល​ដល់​ការ​ចូលរួម​របស់​យើង​ផង​ដែរ​។​ ហើយ​ពានរង្វាន់​នេះ​ នឹង​បង្ហាញ​ពិភពលោក​ថា​កម្ពុជា​មាន​អង្ករ​គុណភាព​ខ្ពស់​ និង​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​សំខាន់ៗ​ដទៃ​ទៀត​។​”

លោក​ចាន់​ ពេជ្រ​ មក​ពី​ក្រុមហ៊ុន​ Signature​ of​ Asia​ ដែល​ជា​ក្រុមហ៊ុននាំចេញ​អង្ករ​ដែរ​នោះ​ បាន​ឲ្យ​ដឹង​ថាៈ​ “​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ដែល​បាន​ចូលរួម​ទាំងអស់​ មាន​ភាព​សប្បាយ​រីករាយ​និង​មាន​មោទនភាព​ណាស់​ នៅ​ពេល​ដែល​គណៈកម្មការ​ជំនាញ​បាន​ប្រកាស​ថា​អង្ករ​កម្ពុជា​បាន​ឈ្នះ​ ពានរង្វាន់​អង្ករ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​ ក្នុងឆ្នាំនេះ​”​។​ “​ខ្ញុំ​គិត​ថា​នេះ​គឺជា​ជោគជ័យ​មួយ​ដ៏​ធំ​សម្រាប់​ឧស្សាហកម្ម​អង្ករ​កម្ពុជា​ និង​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​ផង​ដែរ​”​។​ 

នៅ​ក្នុង​សន្និបាត​អង្ករ​ពិភពលោក​នេះ​ មានការ​រៀបចំ​កម្មវិធី​ប្រកួត​រសជាតិ​អង្ករ​ ដែល​មានការ​ចូលរួម​ពី​ប្រទេស​ជា​ច្រើន​។​ អង្ករ​ថៃ​បាន​ឈ្នះ​ ក្នុង​ឆ្នាំ​២០១០​ ហើយ​អង្ករ​របស់​ភូមា​ បាន​ឈ្នះ​នៅ​ឆ្នាំ​២០១១​។​ គេ​ជឿ​ថា​ ពានរង្វាន់​លំដាប់​ពិភពលោក​របស់​អង្ករ​កម្ពុជា​ នឹង​ជួយ​ព្រះរាជាណាចក្រ​នេះ​ បង្កើន​ការ​នាំ​ចេញ​ ដោយ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទីផ្សារ​អន្ដរជាតិ​ ជម្រុញ​ឲ្យ​ឈ្មួញ​និង​អ្នកលក់​អន្ដរជាតិ​ពិចារណា​ទិញ​អង្ករ​កាន់តែ​ច្រើន​ពី​ប្រទេស​កម្ពុជា​ និង​បាន​ជួយ​សម្រេច​គោលដៅ​របស់​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​ ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​។​ 

​ប្រភពៈ​http://www.worldsbestrice2012.com/TRTWRC12.html